Thursday, May 28, 2020

ខ្ញុំជាប់គុកហើយ

និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

គុកឥតជញ្ជាំងឃុំឃាំងកាយ
ទុក្ខគ្មានរសាយរីងរៃចិត្ត
ភ្នែកបើកទាំងទ្វេតែងងឹត
នេះគុកជីវិតឥតពន្ធា ។
ក្នុងគុកគ្មានទេសួនកម្សាន្ត
គ្មានមិត្តរាប់អានខានហ៊ឺហា
គ្មានញាតិបងប្អូនក្បែរកាយា
រស់ក្នុងអន្ធការស្តារស្មារតី ។
ក្នុងគុកគ្មានទេក្រុមគ្រួសារ
គ្មានរឿងស្នេហាប្រពន្ធប្តី
គ្មានកូនគ្មានចៅថ្នមបមបី
ជីវិតទីទៃលៃរឿងជាតិ ។
ក្នុងគុកគ្មានទេម្តាយឪពុក
ជីវិតឱបទុក្ខនឹកផៅញាតិ
ក្នុងស្បៃអន្ធការទ្រូងចង្អៀត      
នឹកឃើញសាសន៍ជាតិបាត់សេរី ។
កាយនៅក្នុងគុកចិត្តនៅក្រៅ   
ដង្ហោយស្រែកហៅខ្មែរប្រុសស្រី
ឱ្យស្មោះបរិសុទ្ធចិត្តភក្តី
ទាមទារសេរីជូនខ្មែរក្រោម ។
កាយនៅក្នុងគុកទុក្ខចម្បែង
ឃើញខ្មែរក្រោមរែងទុក្ខក្រៀមក្រំ
រស់ក្រោមនឹមដែកអាណានិគម
បាត់សិទ្ធិឧត្ដមជាម្ចាស់ដី ។
កាយនៅក្នុងគុកទុក្ខគ្រាំគ្រា
បានឃើញកុមារទាំងប្រុសស្រី
ប្រឹងរៀនតែយួនរៀងរាល់ថ្ងៃ
លែងចង់និយាយភាសាខ្មែរ ។
កាយនៅក្នុងគុកទុក្ខចម្បែង
មើលទៅក្មេងៗរែងឥតល្ហែ
គ្មានសាលារៀនអក្សរខ្មែរ
ប្រឹងរៀនសាសន៍គេគ្រប់ៗគ្នា ។
នេះហើយគុកងឹតឥតជញ្ជាំង
ដែលយួនបិទបាំងឲ្យអន្ធការ
ឲ្យខ្មែរក្រោមភ្លេចជាតិសាសនា
ងាយគេត្រួតត្រាតកូនចៅ ៕៚

No comments:

Post a Comment